កសិករចង់ឱ្យស្រូវផ្ការំដួល ស្ថិតក្នុងតម្លៃសមរម្យនារដូវច្រូតកាត់នៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ កសិករ ដាំដុះស្រូវផ្ការំដួលនៅតាមបណ្តាខេត្តនានា បានសំណូមដល់ក្រសួងកសិកម្មឱ្យជួយរក្សាតម្លៃស្រូវផ្ការំដួល ឱ្យស្ថិតនៅក្នុ​ងតម្លៃមួយសមរម្យ នារដូវប្រមូលផលក្នុងខែវិច្ឆិកាខាងមុខនេះ ខណៈដែលក្រសួងក៏​កំពុងជំរុញឱ្យមានការផលិតពូជស្រូវ​ល្អ​ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារផងដែរ​។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការឡើងថ្លៃប្រភេទស្រូវIR និងOM បានធ្វើឱ្យកសិករដែលដាំដុះស្រូវប្រភេទនេះ​ មា​ន​សេចក្តីត្រេកអរយ៉ាងខ្លាំង ប៉ុន្តែក្រោយមកស្ថានភាពនៃតម្លៃស្រូវនេះ ក៏បានត្រឡប់មករកសភាពធម្មតាវិញ។ ដំណាលគ្នានេះដែរ​ កសិករដែល​ដាំដុះស្រូវប្រភេទ ផ្ការំដួល ដែលនឹង​ត្រៀមប្រមូលផលក្នុងរយៈពេលពីរខែខាង​មុខ​ទៀតនេះ ចង់ឱ្យក្រ​សួ​ងក​សិកម្ម និងភាគីពាក់ព័ន្ធ គិតគូរ​ជួយរក្សាលំនឹងតម្លៃស្រូវផ្ការំដួល ព្រោះពួកគាត់បារម្ភថា វានឹងមានតម្លៃទាបនៅពេលមា​នការប្រមូល​។

លោក ជា សាន កសិករ ដាំដុះស្រូវផ្ការំដួលនៅស្រុកកញ្ចៀច ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា​ថា ប្រភេទស្រូ​វផ្ការំដួលនេះ គេអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ព្រោះជាប្រភេទស្រូវប្រកាន់រដូវ ហើយ​ការដាំដុះ​​ត្រូវការថែ​ទាំខ្លាំងជាងស្រូវធម្មតា (IR និង​OM) និងពឹងផ្អែកច្រើនលើទឹកភ្លៀង។

មិនត្រឹមតែប៉ុណ្ណោះ​ លោក​ថា សម្រាប់ពូជវិញកសិករ មិនទុកធ្វើពូជខ្លួនឯងបានទេ ដោយពូជត្រូវទិញពីស្ថានីយផលិតពូជរ​បស់ក្រសួងកសិកម្ម ឬទិញពីសហគមន៍ ព្រោះ​ការទុកប្រើខ្លួនឯង​នឹង​ធ្វើឱ្យគុណភាពស្រូវមិនល្អ មិនទទួលបានពូជសុទ្ធ នៅ​ពេលលក់ឈ្មួញនឹងទំលាក់ថ្លៃ។

លោកបានប្រាប់ដូច្នេះថា ៖ «ដាំស្រូវរំដួលនេះ យើងប្រើដើមទុនច្រើន និងចំណាយពេលវេលាក្នុងការថែទាំដិតដល់ណាស់​។ ជាទូទៅ ស្រូវរំដួលលក់បានថ្លៃជាងស្រូវ IR និងOM ចន្លោះពី១០០រៀលទៅ១៥០រៀល ដូចនេះ បើ IR និងOMឡើងថ្លៃ រំ​ដួលក៏លក់បានថ្លៃទៅតាមហ្នឹងដែរ។ ឥឡូវ IR និងOM បានធ្លាក់ថ្លៃបន្តិចមកវិញហើយ ចឹងយើងបារម្ភថា ដល់ពេលច្រូតកា​ត់ស្រូវផ្ការំដួល តម្លៃស្រូវទាបជាងនេះទៀត»។

ចំណែក លោក ឃុន សាអែម ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ បាននិយាយដែរ​ថា មិនថាស្រូវប្រភេទផ្ការំដួល, IR ឬOMនោះទេ បើសិនជាមានការសម្រុក​ច្រូតដំណាលគ្នាក្នុងពេលតែមួយ ច្បាស់ណាស់ឈ្មួញប្រាកដទម្លាក់តម្លៃមិនខាន។ ហេ​​តុដូចនេះហើយ ទើបសហគមន៍តែងតែប្រាប់ដល់សមាជិក កុំឱ្យមានការច្រូតដំណាលគ្នាក្នុងពេលតែមួយ។

លោកបានបញ្ជាក់ថា ៖ «ស្រូវផ្ការំដួលនេះ ថ្វីត្បិតតែមានតម្លៃល្អមែន តែនៅពេលកសិករប្រមូលផលដំណាលគ្នា វាអាចនឹងធ្លាក់ថ្លៃដែរ។ កសិករខ្លះ ប្រមូលផលតាមគ្នា ទាំងដែលស្រូវមិនទាន់ទុំល្អក៏មាន។ ដូចនេះ សូមឱ្យខាងក្រសួង និងមន្ទីរជួ​យ​ផ្សព្វផ្សាយដល់កសិករបន្ថែមទៀត កុំឱ្យមានការប្រមូលផលដំណាលគ្នាក្នុងពេលតែមួយ ដែលធ្វើឱ្យឈ្មួញតម្លៃថ្លៃបានតាមចិត្ត»។

លោកបានបន្ថែមថា សម្រាប់ខេត្តព្រៃវែង តំបន់ដែលមានការ​ដាំដុះស្រូវផ្ការំដួលច្រើនជាងគេ គឺមានស្រុកចំនួនបី រួមមានស្រុក ស្វាយអន្ទរ, កំចាយមារ និងកញ្ច្រៀច ដោយសារតែស្រុកទាំងនេះនៅឆ្ងាយពីប្រភព និងពឹងផ្អែកលើទឹកភ្លៀងទើបគេដាំដុះស្រូវប្រភេទនេះច្រើន ខណៈដែលតំបន់ដទៃទៀតដែលនៅ​ក្បែរប្រភពទឹកគេមិននិយមដាំស្រូវរំដួលទេ គេដាំIR និងOM ដែ​លធ្វើបាន២ទៅ៣ដងក្នុងមួយឆ្នាំ ចំណេញជាង។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងដែរ​ថា ចំពោះតម្លៃស្រូវផ្ការំដួល ឡើងចុះកម្រិ​តណានោះ​ វាអាស្រ័យដល់ពេលប្រមូលផលសិនទើបអាចដឹងបាន ប៉ុន្តែលោកថា ជាធម្មតា ស្រូវប្រភេទនេះ ថ្លៃជាងស្រូវធ​ម្ម​តា ដូច្នេះបើស្រូវIR និងOM ឡើងថ្លៃ ស្រូវរំ​ដួលក៏ឡើងទៅតាមនេះដែរ។

បើក្រឡេកទៅមើលរបាយការណ៍នាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២៣នេះ ការនាំចេញអង្ករក្រអូបប្រភេទ ​ផ្ការំដួល​ សម្រេចបានជាង៨០ភាគរយ តែបើមើលការដាំដុះរបស់កសិករវិញឃើញថា នៅមានតិចតួ​ចប៉ុណ្ណោះសម្រាប់ប្រភេទស្រូវផ្ការំដួលនេះ។

ជុំវិញចំណុចនេះ លោកលន់ យ៉េង បានពន្យល់ថា ៖ «ផ្ការំដួល ជាស្រូវប្រកាន់រដូវ ទិន្នផលទាប ពឹងទឹកភ្លៀង និងមួយឆ្នាំធ្វើបានម្តង។ គេដាំ IR និងOMច្រើន ព្រោះធ្វើបាន២ទៅ៣ដង ហើយងាយស្រួលលក់ទៅវៀតណាម ព្រោះវៀតណាមទិញតែ​ស្រូវធម្មតាទេ»។

កន្លងទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ​បានជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូ​ជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ​។

ក្នុងពេល​ចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង ​កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅថ្មីៗនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ជាយន្តការ គឺចាំបាច់​ត្រូវមានការចូលរួម ការសហការគ្នាល្អ ការកសាងនូវ​បណ្តាញ​ពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមា​នខ្សែច្រវាក់ទីផ្សារល្អ។

ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យ​កសិដ្ឋានផលិតស្រូវពូជ និងសហគមន៍កសិកម្ម នៅក្នុងខេត្តបាត់ដំបង ត្រូវយកចិត្តទុ​កដា​ក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់, ត្រូវធ្វើការផ្សព្វផ្សាយច​លនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូ​ជស្រូវល្អ និងតម្លៃល្អ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូប និងផ្ការំដួល គឺជួយដល់អ្នកផលិតពូជសុទ្ធ និងបង្កើនផ​លចំណេញសម្រាប់ទាំងអស់គ្នា។ ក្រសួងនឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ី​នកិ​នស្រូវ​ពីទីផ្សារ និងតម្លៃនេះ»​៕ វណ្ណ សុជាតា

ads banner