សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែកញ្ញា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
អញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមានឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជា ច្រើនរូបរបស់កម្ពុជា។
ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។
ស្របពេលដែលកម្ពុជានិងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិត ចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្ដល់ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

