ទូតជប៉ុន ជម្រាបសម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាចិត្តបន្តគាំទ្រ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាចិត្តបន្តគាំទ្រកិច្ចសហ ប្រតិបត្តិការ ជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

ប្រភពដដែលបន្តថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការ ស្តារ សេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជា ផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។

សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមាន គ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី តាកកេស៊ីតា ណូបូរូ (Takeshita Noboru) រហូតដល់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។

ឯកឧត្តមឯកអគ្គរាជទូត បាននាំនូវសារអបអរសាទរដោយ ផ្ទាល់ ពីឯកឧត្ដម ហ្វូមីអូ គីស៊ីដា ជូនសម្តេចតេជោ ចំពោះសមិទ្ធផលដែល សម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហ ប្រតិបត្តិ ការជិតស្និទ្ធជាមួយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ ប្រទេសទាំងពីរ បានទទួលនូវផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងច្រើន ជា ពិសេស កម្ពុជា ទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែ សមុទ្រខេត្តព្រះសីហនុ ជាដើម។
ឯកឧត្តម ឯកអគ្គរាជទូតក៏បានជម្រាបជូនអំពីផែនកា រ សម្ពោធ រោងចក្រដំឡើងរថយន្ត តូយូតា (Toyota ,CKD) នៅឆ្នាំ២០២៤។

ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះតួនាទីដ៏ សំខាន់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយ រលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុង តំបន់ និងពិភពលោកតាមទស្សនៈ «មិនយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម» និង «យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព» ៕
ដោយ៖វណ្ណលុក