ខេត្តតាកែវដាក់បទបញ្ជាល្បាតញឹកញាប់ ដើម្បីបង្ក្រាបក្មេងទំនើង (Video Inside)

សកម្មភាពកម្រើកឡើងវិញ នៃក្រុមក្មេងទំនើងតាមបណ្តាខេត្ត និងរាជធានី បានជំរុញឱ្យអាជ្ញាធរតាមខេត្តដទៃ បានដាក់បទបញ្ជាធ្វើចំណាត់ការបង្ក្រាប។

សេចក្តីរាយការណ៍បង្ហាញថានៅក្នុងខែកញ្ញានេះ សកម្មភាពក្មេងទំនើងបង្កការអុកសុវត្ថិភាពសង្គម ត្រូវគេឃើញបានកើតឡើងក្នុងរាជធានី, នៅពោធិ៍សាត់, នៅតាកែវ និងក្មេងទំនើងខ្លះ ដែលបង្កហិង្សារបួសស្នាម បានភៀសខ្លួនទៅពួននៅខេត្តព្រៃវែង និងសៀមរាបជាដើម ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាខេត្តតាកែវ លោក ឯក ឆេងហួត ក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីនគរបាលយុត្តិធម៌ បានណែនាំសមត្ថកិច្ចឲ្យចុះល្បាត នៅតាមដងផ្លូវជាតិលេខ២ និងលេខ៣ ឲ្យបានញឹកញាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ក្រុមក្មេងទំនើង ដែលតែងតែនាំគ្នា គប់កញ្ចក់រថយន្តមានការរិះគន់ពីមហាជន។

លោកព្រះរាជអាជ្ញា បានណែនាំដល់មន្រ្តីនគបាលយុត្តិធម៌ ត្រូវចុះអប់រំផ្សព្វផ្សាយច្បាប់ ដល់យុវជននៅតាមសាលាឲ្យបានជាប់ជាប្រចាំ ជាពិសេសដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ក៏ដូចជាបទល្មើសផ្សេងៗ រួមទាំងការប្រើហិង្សាដាក់គ្នានៅតាមដងផ្លូវផងដែរ។

លោកព្រះរាជអាជ្ញានៅបានណែនាំមន្រ្តីនគបាលយុត្តិធម៌ទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តលើការងារមួយចំនួនឲ្យបានប្រសើរឡើង ក្នុងនោះរួមមានបញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម។

ads banner