ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ការត្រៀមធ្វើដំណើរ ទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ។
យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងគ្រោងឡើងថ្លែងសុន្ទរកថា លើវេទិកាពិភពលោក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ និងមានកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗ ដទៃទៀត។
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បានផ្ញើសារតាមបណ្តាញសង្គម បញ្ជាក់នូវទឹកចិត្តស្រឡាញ់គាំទ្រដំណើរបេសកកម្មជាតិ នៅក្រៅប្រទេសនេះ និងបង្ហាញការចង់ជួបក្នុងពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្ថិតនៅក្នុងបុរីញូយ៉ក។
ប្រទេសកាណាដា គឺជាប្រទេសមួយដែលមានព្រំដែនជាប់នឹងសហរដ្ឋអាមេរិកប្រវែងវែងដល់ ៨ពាន់ ៨៩១គីឡូម៉ែត្រ។ ប្រទេសកាណាដាបានទទួលជនភៀសខ្លួនខ្មែរច្រើនម៉ឺន ក្នុងពេលដែលទឹកដីកម្ពុជាកើតមានសង្គ្រាមស៊ីវិល។ ក្នុងប្រទេសកាណាដានោះ គិតត្រឹមរវាងពីឆ្នាំ១៩៨០ ដល់១៩៩២, អាជ្ញាធរកាណាដា បានទទួលខ្មែរភៀសខ្លួនមានចំនួនជាង ១ម៉ឺន ៨ពាន់នាក់។
ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក របស់គណៈប្រតិភូរាជរដ្ឋាភិបាលខ្មែរ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំអង្គការសហប្រជាជាតិ លើទឹកដីអាមេរិកក្នុងខែកញ្ញានេះ បានទទួលការស្វាគមន៍ជាបន្តបន្ទាប់ពីពលរដ្ឋខ្មែរ ដែលបានរស់នៅទីនោះផងដែរ។ ពលរដ្ឋខ្មែរបានធ្វើសារតាមបណ្តាញសង្គម ពីទឹកដីសហរដ្ឋអាមេរិក សម្តែងក្តីរីករាយ និងបញ្ជាក់ការត្រៀមរង់ចាំទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត។
សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុត។ ពលរដ្ឋខ្មែរភៀសខ្លួនបានចាកចេញពីទឹកដីស្រុកកំណើតទៅកាន់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៧៩ ដែលពេលនោះសហរដ្ឋអាមេរិកមានកម្មវិធីទទួលជនភៀសខ្លួនខ្មែរ ដែលបានរត់ទៅកាន់ជម្រំភៀសខ្លួននានាលើទឹកដីថៃ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់តួលេខច្បាស់លាស់នូវចំនួនពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែយោងតាមមជ្ឈមណ្ឌលដើម្បីវឌ្ឍនភាពអាមេរិក Center for American Progress គិតត្រឹមខែមេសា ឆ្នាំ២០១៥ មានប្រជាជនខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ៣សែននាក់។