អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ដំណើរទស្សនកិច្ចរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិន គឺជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា-ចិន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា ការអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ ពីសំណាក់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន គឺមិនត្រឹមតែលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិទេ ប៉ុន្តែអាចនិយាយបានថា គឺជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា ហើយនឹងអាចមានកិច្ចពិភាក្សា ឬកិច្ចព្រមព្រៀងផ្សេងៗទៀតដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា ដែលមហាមិត្តចិនតែងតែផ្តល់ជាកាដូសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ។

ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍អន្តរជាតិថ្មីមួយទៀត បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ មានន័យថា ដំណើរទស្សនកិច្ចទៅប្រទេសចិនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន គឺជាជំហានទី២ បន្ទាប់ពីសម្តេចធិបតី បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្សុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងជោគជ័យ។ សរបញ្ជាក់ឱ្យឃើញថា កម្រិតទំនាក់ទំនងអន្តរជាតិដើម្បីលើកកម្ពស់នូវការដឹកនាំ នៃគោលនយោបាយរាជរដ្ឋាភិបាលសម្រាប់កិច្ចការបរទេស អាណត្តិទី៧នេះ គឺសម្តេចធិបតី មានស្នាដៃ និងបានបង្ហាញលើកឆាកអន្តរជាតិមើលឃើញពីសារៈសំខាន់ នៃតួនាទីរបស់កម្ពុជាក្នុងឆាកអន្តរជាតិ ពិសេសប្រទេសចិន គឺជាមហាអំណាចនៅក្នុងតំបន់អាស៊ី និងកំពុងតែក្លាយជាប្រទេសមួយកំពុងមានឥទ្ធិពលទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចគ្របដណ្តប់លើពិភពលោកដែលកំពុងតែប្រកួតប្រជែងជាមួយបណ្តាប្រទេសមហាអំណាចលោកសេរីផ្សេងទៀតដែលដឹកនាំដោយសហរដ្ឋអាមេរិក។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តថា ការអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ ពីសំណាក់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន គឺមិនត្រឹមតែលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិទេ ប៉ុន្តែអាចនិយាយបានថា គឺជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា។ ហើយនឹងអាចមានកិច្ចពិភាក្សា ឬកិច្ចព្រមព្រៀងផ្សេងៗទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា ដែលមហាមិត្តចិនតែងតែផ្តល់ជាកាដូសម្រាប់រដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋាភិបាលអាណត្តិថ្មីនេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ចិននឹងផ្តល់អ្វីមួយថ្មីទៀតសម្រាប់ការអភិវឌ្ឍន៍ ឬក៏ជំនួយឥតសំណងណាមួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបើកផ្លូវទីផ្សារ និងអ្វីៗផ្សេងៗទៀតសម្រាប់កម្ពុជាជាកាដូសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសចិនផងដែរ។
លោកបានបន្តទៀតថា នេះគឺជាព្រឹត្តិការណ៍ដំបូងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសចិនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន ហើយជំនួបភាគីទ្វេភាគីដាច់ដោយឡែកជាមួយប្រធានាធិបតីចិន និងជាមួយប្រធានសភាតំណាងប្រជាជនចិន ហើយជំនួបនេះនឹងអាចលេចចេញជាផ្លែផ្កាសម្រាប់កិច្ចការសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការបើកផ្លូវមួយទៀតរវាងសភាតំណាងប្រជាជនចិន ជាមួយនឹងការរៀបចំយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាលកម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ។ ការជួបពិភាក្សានេះ រឹតតែមានសារៈសំខាន់ថែមទៀត ដែលមិនត្រឹមតែកិច្ចពិភាក្សាដោយឡែកជាមួយនឹងថ្នាក់ដឹកនាំរដ្ឋ នៃរដ្ឋាភិបាលចិនទេ គឺមានការពិភាក្សាដោយឡែកទ្វេភាគីផ្សេងទៀតជាមួយប្រធានសភាប្រជាជនចិន ដែលរឹតតែបង្ហាញពីសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល សភានិងសភា នីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងនីតិប្រតិបត្តិ គឺជាការលើកស្ទួយនូវខួបទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ខួបទំនាក់ទំនងលើកទី៦៥ នៃការបង្កើតទំនាក់ទំនងចិន៕
ដោយ៖ពលជ័យ