សមាគមជប៉ុន-កម្ពុជា បញ្ជាក់ការបាញ់កាំជ្រួចជប៉ុន ក្នុងខែវិច្ឆិកា នៅរាជធានីភ្នំពេញ (Video Inside)
ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ៊្វូមីអាគី បានបញ្ជាក់នូវការត្រៀមរៀបចំទុកជាស្រេច នូវកាំជ្រួចរបស់ជប៉ុន ដើម្បីត្រូវបាញ់ក្នុងឱកាសអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ។
ការបញ្ជាក់នូវការត្រៀមបាញ់កាំជ្រួចជប៉ុនជាលើកដំបូងក្នុងប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសមរបស់លោកប្រធានសមាគមជប៉ុន ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣។
កម្ពុជានិងជប៉ុន បានចាប់ផ្តើមទំនាក់ទំនងការទូតរវាងគ្នានៅក្នុងឆ្នាំ១៩៥៣។ ឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃការអបអរសាទរ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងជំនួបសម្តែងក្តីគួរសម ចំពោះសម្តេចតេជោផងដែរ, លោក តាកាហាស៊ី ហ៊្វូមីអាគី បានជម្រាបជូនសម្តេច នូវការត្រៀមអញ្ជើញវិនិយោគិនជប៉ុន លើការបណ្តាក់ទុនផ្នែកសំខាន់ៗមួយចំនួន ក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានថ្លែងលើកទឹកចិត្តគាំទ្រការវិនិយោគរបស់ជប៉ុន ជាពិសេសលើវិស័យបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅកម្ពុជា និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត, គ្រឿងបង្គំអេឡិចត្រូនិក និងថាមពលជាដើម។