ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា បើកដំណើរការថ្ងៃទី២៧តុលា (Video Inside)

ការតភ្ជាប់ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា បានធ្វើពិធីតភ្ជាប់នៅថ្ងៃនេះ ប៉ុន្តែការដាក់ប្រើប្រាស់ គ្រោងនឹងធ្វើនាចុងខែតុលា ឆ្នាំ២០២៣។ ខែតុលា គឺជាខែដែលមានពិធីបុណ្យអុំទូក សំពះព្រះខែ ដែលមានមនុស្សច្រើនម៉ឺនសែននាក់ តែងនាំគ្នាមកកំសាន្តតាមដងទន្លេក្នុងរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងពិធីតភ្ជាប់ស្ពានបេតុងខ្សែកាបនៅថ្ងៃទី១៣ កញ្ញានេះ បានថ្លែងថា «ស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា គ្រោងដាក់ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបណ្ដោះអាសន្ននៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៣»។

លោកបានថ្លែងថានៅក្នុងថ្ងៃដែលមានការដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននោះ, រដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីគោរពអញ្ជើញសម្តេចធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់។

ថ្លែងក្នុងឱកាសនោះផងដែរ, អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងដែរថា រដ្ឋបាលរាជធានីមានគម្រោងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ៦០ម៉ែត្រ សំដៅទៅតំបន់អភិវឌ្ឍន៍ជើងឯក និងបន្តទៅផ្លូវលេខ២១៧។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា គម្រោងកសាងស្ពានថ្មីមួយទៀតនេះ កំពុងស្ថិតក្នុងការសិក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយទេ។

ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ម៉ែត្រកន្លះ ដែលមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។

ads banner