វត្ថុបុរាណខ្មែរ៣៣ដុំ ដែលគេលួចចេញពីប្រាសាទកោះកេរ ត្រូវបានរកឃើញ ក្នុងគ្រួសារ Lindemann ក្នុងសហរដ្ឋអាមេរិក (Video Inside)

វត្ថុបុរាណខ្មែរដែលគេបានលួចចេញពីប្រទេសក្នុងអតីតសម័យសង្គ្រាម ត្រូវគេប្រទះឃើញចំនួន៣៣ដុំ នៅក្នុងផ្ទះមួយ នៃក្រុមគ្រួសារ Lindemann រស់ក្នុងសហរដ្ឋអាមេរិក។

វត្ថុបុរាណទាំង៣៣ដុំ រួមមាន «បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ» ដែលមានប្រភពមកពីប្រាសាទក្រចាប់ នៃអតីតរាជធានីកោះកេរ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ត្រូវគេលួចចេញក្នុងទសវត្សរ៍១៩៩០។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១៣កញ្ញានេះ បានបញ្ជាក់ថា វត្ថុបុរាណខ្មែរទាំងនោះ នឹងត្រូវគ្រោងប្រគល់មកប្រទេសកម្ពុជាវិញ។ ការបញ្ជូនសម្បត្តិវប្បធម៌ ដែលទើបនឹងរកឃើញនេះ នឹងធ្វើនៅថ្ងៃណានោះ មិនទាន់បានបញ្ជាក់នៅឡើយទេ។

លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងក្នុងសេចក្តីជូនព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថាវត្ថុបុរាណ ដែលខ្លួនកំពុងកាន់កាប់នោះ គឺពិតជាសម្បត្តិវប្បធម៌របស់កម្ពុជា និងបានស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ។

លោកជំទាវបានថ្លែងទៀតថា «ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញ នូវសម្បត្តិវប្បធម៌ជាតិរបស់យើង»។

ads banner