កម្ពុជា និងថៃ ប្តេជ្ញាបោសសំអាតមីន តាមបណ្តោយព្រំដែន (Video Inside)
កម្ពុជា និងថៃ បានប្តេជ្ញាការបោសសំអាតគ្រាប់មីន តាមបណ្តោយព្រំដែន នៃប្រទេសទាំង២ ដើម្បីប្រែក្លាយតំបន់ព្រំដែន ជាតំបន់មានសុវត្ថិភាពគ្មានគ្រាប់មីន។
តំបន់ព្រំដែនកម្ពុជាថៃ គឺជាតំបន់ដែលធ្លាប់មានមីនច្រើនស្អេកស្កះបន្សល់ទុក ពីអតីតកាលសង្គ្រាមស៊ីវិល ប៉ុន្តែក្រោយកម្ពុជាមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, តំបន់តាមបណ្តោយព្រំដែន ត្រូវបានសំអាតឡើងវិញជាបណ្តើរ។
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក ឆឺតគាត អឌ្ឍកោ និងអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ លោកឧត្តមសេនីយ៍ ស៊ូប៉ាថាត់ ណារិនដារ៉ា ផាកឌី
បានចូលសម្តែងការគួរសម និងជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីន តាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងជុំវិញការអនុវត្តទស្សនវិស័យ និងសេចក្តីសម្រេចរវាង
នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញធ្វើការបោសសម្អាតមីនឲ្យអស់
នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសទាំងពីរ ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ។
អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានជម្រុញឲ្យក្រុមការងារបច្ចេកទេសសកម្មភាពមីន នៃប្រទេសទាំងពីរ បន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និងតាមការចាំបាច់លើទីតាំង ដែលត្រូវបោសសម្អាត ក្នុងគោលដៅដើម្បីបម្រើនូវឧត្តមប្រយោជន៍ នៃប្រទេស និងប្រជាជនទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការបោសសំអាតមីនឱ្យអស់ចេញពីទឹកដីកម្ពុជា នៅក្នុងឆ្នាំ២០២៥។