សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។ ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។

ការបញ្ជាក់នេះ ក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមនិងវាសនាតមួយ» នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី១ នៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន នាថ្ងៃនេះ។ ខ្ញុំសូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី២០ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និង ខួបលើកទី១០ នៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។

ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។

យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន,កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនទៀត។ នៅក្នុងក្របខណ្ឌ័ទាំងអស់នេះ ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលទំហំពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន។

នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់មនុស្សជាតិត្រូវបានធ្លាក់ចុះ,ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថារំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ។ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក។

នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម។ នៅត្រង់ចំណុចនេះ ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមគូសបញ្ជាក់ពីការប្ដេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។ កម្ពុជាក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក៕

ads banner