សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរកការគិតគូរបង្កើនចំនួនប្រជាពលរដ្ឋ (Video Inside)
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើរកការគិតគូរការបង្កើនចំនួនប្រជាពលរដ្ឋ ចាប់ពេលនេះទៅ ដោយមិនត្រូវរង់ចាំដល់ពេល២៧ឆ្នាំទៅមុខទៀត គ្រាដែលកម្ពុជាបានសម្រេចចក្ខុវិស័យឆ្នាំ២០៥០នោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍បញ្ចកោណរបស់ខ្លួនជាមួយនឹងចក្ខុវិស័យ នាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ប៉ុន្តែក្នុងរយៈ២៧ឆ្នាំទៅមុខទៀតនេះ កម្ពុជាក៏ត្រូវការគិត ជាបណ្តើរនូវការរៀបចំគោលនយោបាយប្រជាសាស្ត្ររបស់ខ្លួនដើម្បីឱ្យប្រទេសជាតិនឹងមាន ចំនួនពលរដ្ឋកើនឡើងច្រើនលាននាក់ជាបន្ថែមទៀតរហូតដល់ពេលនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១៨ម៉ឺននាក់ក្នុងស្រុកបាទីខេត្តតាកែវ នាថ្ងៃទី១៩កញ្ញា បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះ។
អតីតកាលសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេលជិត៣០ឆ្នាំ បានបំផ្លាញជីវិតមនុស្សច្រើនលាននាក់។ ក្នុងជំនាន់អតីតរបបសាធារណរដ្ឋខ្មែរ, ស្ថិតិរបស់ពលរដ្ឋខ្មែរ មានប្រមាណ ៧លាននាក់ប៉ុន្តែបានស្លាប់អស់ជាច្រើនក្នុងសង្គ្រាម។ ក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម, ជីវិតពលរដ្ឋបានស្លាប់ច្រើនលាននាក់ទៀត ដោយសាររបបវាលពិឃាត៣ឆ្នាំ៨ខែ ២០ថ្ងៃ។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលបានបន្តសម្លាប់មនុស្សជាច្រើនបន្ថែមទៀត និងកម្ពុជាទើបទទួលបានសុខសន្តិភាពពិតប្រាកដ នាចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះរហូត មកទល់នឹងពេលនេះ ស្ថិតិប្រជាសាស្ត្របានបង្ហាញថាពលរដ្ឋខ្មែរ មានចំនួនសារុបប្រមាណ ១៧លាននាក់ហើយ។