ព្រឹទ្ធសភាត្រៀមពិនិត្យសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

សេចក្តីព្រាងច្បាប់ពីរពាក់ព័ន្ធនឹងការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលរដ្ឋសភាទើបបានអនុម័តរួចមកនេះ នឹងត្រូវស្ថិតក្នុងរបៀបវារៈពិនិត្យ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា វេលាថ្ងៃនេះហើយ។

ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន បានបញ្ជាក់ថា វេលាថ្ងៃទី២០កញ្ញានេះវេលាម៉ោង៨ព្រឹក, គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានឹងពិនិត្យសម្រេចសុំដាក់សេចក្តីព្រាងច្បាប់ទាំង២នេះ ចូលទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។

គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ទាំង២ ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣ ក្នុងសម្លេង១១៤ ទាំងស្រុងរបស់សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

ads banner