សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបក្រុមកីឡាករខ្មែរ ចូលរួមការប្រកួតកីឡាអាស៊ី (Video Inside)

ក្រុមកីឡាករ និងកីឡាការីនី របស់កម្ពុជា ដែលត្រៀមនឹងចាកចេញពីកម្ពុជា ចួលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៣ ក្នុងប្រទេសចិន នឹងទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។

ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងហាងហ្ស៊ូ Hangzhou សាធារណរដ្ឋប្រជាមានិតចិន រវាងពីថ្ងៃទី២៣កញ្ញា ដល់៨តុលា ឆ្នាំ២០២៣។ ប្រទេសដែលត្រូវចូលរួមក្នុងការប្រកួតកីឡាក្នុងតំបន់នេះ មានចំនួន៤៥ប្រទេស ជាមួយនឹងប្រភេទកីឡា៤០ផ្សេងៗគ្នា។

កីឡាករ និងកីឡាការីនីកម្ពុជា រួមទាំងគ្រូបង្វឹក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ មានចំនួនសរុប១៨៩នាក់ ដែលនឹងចូលរួមប្រកួតលើប្រភេទ ១៧កីឡាតែប៉ុណ្ណោះ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យក្រុមកីឡាកម្ពុជាទាំងនោះ ដឹកនាំដោយទេសរដ្ឋមន្ត្រី ថោង ខុន ចូលជួបសម្តែងការគួរសម វេលារសៀលថ្ងៃទី២០កញ្ញា នាវិមានសន្តិភាព។

ព្រឹត្តិការណ៍កីឡាអាស៊ី តែងធ្វើរៀងរាល់៤ឆ្នាំម្តង និងរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨ ក្នុងឆ្នាំ២០១៨ បានទទួលមេដាយចំនួន៣គ្រឿង ក្នុងនោះរួមមានមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធមួយគ្រឿង។

មេដាយមាស២គ្រឿង ដែលកម្ពុជាទទួលបាននោះ គឺតាមរយៈកីឡាករម៉ូតូទឹក សាលី អ៊ូមើត និងកីឡាការីនីជឺជីតស៊ូ ខាន់ ចេសា។ ប៉ុន្តែក្នុងការប្រកួតកីឡាអាស៊ីក្នុងឆ្នាំ២០២៣នេះ, កីឡាករជើងឯកទាំង២ របស់កម្ពុជា មិនបានអញ្ជើញចូលរួមក្នុងព្រឹត្តិកីឡាអាស៊ីនេះឡើយ។

ads banner