សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាមិនឱ្យកម្ពុជាក្លាយជាប្រទេសរណបនយោបាយបរទេស (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាការដឹកនាំប្រទេសដោយមិនឱ្យកម្ពុជា ក្លាយជាប្រទេសដែលរណបនយោបាយនឹងបរទេសឡើយ។
ប្រសាសន៍ប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងរង្វង់ដែលក្រុមធ្វើនយោបាយប្រឆាំងបានចោទថា នយោបាយរបស់កម្ពុជាបានលំអៀងទៅរកប្រទេសចិន ដែលការចោទនេះ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមធ្វើទស្សនកិច្ចជាផ្លូវការមុនគេបង្អស់ទៅកាន់ប្រទេសចិន បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រមាណជិតមួយខែមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសជួបកម្មករនាថ្ងៃទី១៩ កញ្ញាថា នយោបាយការបរទេសរបស់កម្ពុជាចំពោះប្រទេសចិន គឺគាំទ្រគោនយោបាយចិនតែមួយ និងកម្ពុជាបានបន្តរក្សាគោលនយោបាយជាមួយប្រទេសនានាដទៃ លើលោកពិភពលោក នូវនយោបាយជាដដែលដោយមិនប្រែប្រួលឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកចូលរួមថាដំណើររបស់សម្តេចទៅកាន់ប្រទេសចិនក្តី, ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្តី និងការត្រៀមចេញក្រៅប្រទេសជាលើកទី៣ នាថ្ងៃទី២១ កញ្ញា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិក្តី គឺមានគោលបំណងធំតែមួយគត់ គឺការទាក់ទាញវិនិយោគិនបរទេស ដើម្បីចូលមកការបណ្តាក់ទុនតែប៉ុណ្ណោះ។
សម្តេចបានប្រាប់បណ្តាអភិបាលខេត្តនិមួយៗ ត្រូវចេះពីរបៀបទាក់យកវិនិយោគិនបរទេស ខណៈដែលពួកគេនឹងចូលមកស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា។