អ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការ អ.ស.ប, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងឥស្សរជនបរទេសមួយចំនួន
ភ្នំពេញ ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីកម្មវិធីថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការបរទេសឥណ្ឌា, នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសកលវិទ្យាល័យកូឡំបៀ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្តិបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមមូលបទ“កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ តាមកម្មវិធីដែលបានគ្រោងទុកសម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។
អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានកម្មវិធីមួយចំនួនបន្ថែមទៀតដែរ គឺអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏នឹងមានពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។
សូមជម្រាបថា កិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕ដោយ៖ពលជ័យ