សម្តេចតេជោ ៖ អម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឱ្យអ្នកបន្តវេនរែកតទទៀតប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តីបានសរសេរលើបណ្តាញសង្គមតេឡេក្រាមនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ៖ “ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)”។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ “ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឱ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឱ្យការទទួលរូបសម្តេចកាលពីឆ្នាំកន្លងទៅ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣៕
ដោយ៖ពលជ័យ
