រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ការបន្តគាំទ្រការជួយដោះមីន (Video Inside)
តំណាងរដ្ឋាភិបាលប្រទេសអង់គ្លេសបានបញ្ជាក់ ការគាំទ្រ និងជួយកម្ពុជា លើផែនការបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។ ការបញ្ជាក់ការគាំទ្រនេះ បានធ្វើឡើងដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនីក វីលៀម ក្នុងឱកាសជួបពិភាក្សាជាមួយអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ នារសៀលថ្ងៃទី២០ ខែកញ្ញា។
ឯកអគ្គរាជទូតអង់គ្លេសបានប្រាប់ភាគីកម្ពុជាថា ដើម្បីគាំទ្រកម្ពុជា ក្នុងគម្រោងការណ៍បោសសំអាតគ្រាប់មីននេះ, គេបានធ្វើគម្រោងកញ្ចប់ថវិការួចរាល់ផងដែរ សម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលកិច្ចការនេះ ក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និងអង្គការ MAG។
លោក ដូមីនីក វីលៀម ថ្លែងថាគេនៅរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជុំវិញកញ្ចប់ស្នើថវិកានោះ។
ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងប្រសាសន៍ឆ្លើយតប បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃ សម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ផងដែរ។
អនុប្រធានអាជ្ញាធរមីនបានប្រាប់ទូតអង់គ្លេសវិញ ថាចាប់តាំងពីឆ្នាំ១៩៩៨នោះមក កិច្ចប្រឹងប្រែងបរទេសដែលបានជួយកម្ពុជា ក្នុងការរំដោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ បានជួយរំដោះដីបានប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦ម៉ឺន ៧ពាន់ ៥៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤ម៉ឺន ៧ពាន់ ៧៨៨គ្រាប់។