រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើអង្គការសហប្រជាជាតិ ជួយបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សផ្នែកសារព័ត៌មាន (Video Inside)
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានស្នើមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ ជួយលើការងារពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសារព័ត៌មាន នៅកម្ពុជា។
ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបមួយវេលារសៀលថ្ងៃទី២០ កញ្ញា ខណៈអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោក ចូសេហ្វ ស្ហ័រអឺ Joseph Scheuer បានថ្លែងប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា អង្គការសហប្រជាជាតិ ត្រៀមធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងក្របខណ្ឌ នៃវិស័យព័ត៌មាន និងការត្រៀមខ្លួន ជួយផ្តល់ជំនួយបច្ចេកទេសផ្សេងៗ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិនូវកិច្ចការងារអាទិភាព ក្នុងវិស័យព័ត៌មាន ដែលផ្តោតជាសំខាន់លើការបណ្តុះបណ្តាលគុណភាពសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យការសរសេរអត្ថបទព័ត៌មាន មានគុណភាព ស៊ីជម្រៅ ការផ្សព្វផ្សាយបានលឿនរហ័ស ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អ ផ្តល់អត្ថបទប្រកបដោយខ្លឹមសារមានផលប្រយោជន៍ដល់អ្នកអាន។
ភាគីទាំងពីរក្នុងកិច្ចពិភាក្សាដដែល បានប្តេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងភាពជាដៃគូស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកហើយតម្កល់ផលប្រយោជន៍រួម៕