គណៈរដ្ឋមន្ត្រីឯកភាពសេចក្តីព្រាងចំនួន ៤ (Video Inside)
គណៈរដ្ឋមន្ត្រីបានឯកភាពសេចក្តីព្រាងចំនួន ៤ ក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន ក្នុងសប្តាហ៍នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។
សេចក្តីព្រាងទាំង ៤ ដែលបានឯកភាព ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២០កញ្ញា រួមមាន សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ដល់២០២៨, សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល, សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ។
យោងតាមសេចក្តីប្រកាសព័ត៌មានការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ដល់ឆ្នាំ២០២៨គឺ «ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលំអជីវភាព របស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយចិរភាព បរិយាប័ន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ»។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល គឺ «ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រងចាត់ចែ ងនិងការអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចំរើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិល កាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។
សេចក្តីប្រកាសព័ត៌មានគណៈរដ្ឋមន្ត្រីបានបន្តថា ចំណែកសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈគឺ «ដើម្បីជម្រុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
ចំណែកសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ «គឺដើម្បីធានានូវប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្ម នៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា»។