សមយុទ្ធសុខាភិបាល «ទេវតាសន្តិភាពឆ្នាំ២០២៣» រវាងកម្ពុជា និងចិនបិទបញ្ចប់ (Video Inside)
កម្ពុជា-ចិន បានបិទបញ្ចប់សមយុទ្ធសុខាភិបាលយោធារួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។
សមយុទ្ធសុខាភិបាល ដែលចូលរួមដោយកម្លាំងទ័ពកម្ពុជាចំនួន ៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ១២៦នាក់ ត្រូវបានបិទបញ្ចប់ ក្នុងពិធីមួយនាព្រឹកថ្ងៃទី២១កញ្ញា ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា។
សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ សមយុទ្ធសុខាភិបាលនេះ ក៏មានការពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាបផងដែរ។
នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងចាត់ទុកថាសមយុទ្ធទេវតាសន្តិភាពឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិននេះ បាន «រួមចំណែកយ៉ាងសំខាន់ នៅក្នុងការគាំទ្រដល់កិច្ចដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមគ្នា កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត»៕