អ្នក​ជំនាញ​អ.ស.ប ​ ស្នើ​​​សហរដ្ឋ​អាមេរិក​​កុំ​ឱ្យ​ផ្គត់​ផ្គង់​គ្រាប់​បែក​ចង្កោម​ដល់​អ៊ុយក្រែន​

អ.ស.ប៖ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ(អ.ស.ប)​កាល​ពី​ថ្ងៃ​ពុធ​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិចារ​ណា​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​លើ​ការ​ផ្គត់​ផ្គង់​គ្រាប់​បែក​ចង្កោម​ដល់​អ៊ុយក្រែន​ ​ដោយ​និយាយ​ថា​ វា​​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​​​រាប់​ទសវត្សរ៍​ក្រោយ​​ជម្លោះ​បញ្ចប់​​ទៅ​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ស្រី​ Alice Jill Edwards ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប​ បាន​ថ្លែង​ក្នុង​លិខិត​របស់​​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ថា​ គ្រាប់​បែក​ចង្កោ​ម​​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ទាំង​​ក្នុង​អំឡុង​​​ និង​ក្រោយ​ជម្លោះ​ ហើយ​មិន​គួរ​យក​វា​ទៅ​ប្រើ​ប្រាស់​ឡើយ​។ ​ ​

លោកស្រី​ Edwards បាន​​បន្ត​ថា​៖ «​ខ្ញុំ​សូម​អំពាវ​នាវ​ដោយ​គោរព​ដល់​រដ្ឋាភិបាល​ ឱ្យ​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​ផ្ទេរ​គ្រាប់​បែក​ចង្កោម​ និង​បញ្ឈប់​ផែនការ​ណា​មួយ​ចំពោះ​ការ​អនុវត្ត​ការ​សម្រេច​ចិត្ត​បែប​នេះ​»។​

លិខិត​របស់​លោក​ស្រី​ Edwards ចេញ​ផ្សាយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មន្រ្តី​អាមេរិក​បាន​និយាយ​ថា​ រដ្ឋបាល​លោក​ បៃដិន​ ជិត​នឹង​​​អនុម័ត​លើ​ការ​ដឹក​ជញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផ្ទុក​ដោយ​គ្រាប់​បែក​ចង្កោម​ ទៅ​កាន់​អ៊ុយក្រែន​ ដើម្បី​ផ្តល់​ឱ្យ​ទីក្រុង​កៀវ​ ​​នូវ​អាវុធ​ដែល​អាច​​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ង​រ​ដល់​កង​ទ័ព​រុស្ស៊ី​ដែល​គ្រប់​គ្រង​លើ​ទឹក​ដី​អ៊ុយក្រែន​។ ​

តាម​ពិត​ទៅ​ គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​ហាម​ឃាត់មិន​ឱ្យ​ប្រើ​ប្រាស់​​ដោយ​ប្រទេស​ជាង​ ១០០​ ។ ​ប៉ុន្តែ​ ​​រុស្ស៊ី ​អ៊ុយក្រែន ​និង​សហរដ្ឋ​អាមេរិក​ ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោម​ ដែល​ហាម​ឃាត់​ការ​ផលិត​ ការ​ស្តុក​ទុក​ ការ​ប្រើ​ប្រាស់​ និង​ការ​ផ្ទេរ​អាវុធ​ប្រភេទ​នេះ​ទេ​។ ​

​ជា​ធម្មតា​ គ្រាប់​បែក​ចង្កោម​បញ្ចេញ​គ្រាប់​បែក​តូច​ៗ​ជា​ច្រើន​គ្រាប់ ​ដែល​អាច​សម្លា​ប់​​ជីវិត​ដោយ​មិន​រើស​មុខ​នៅ​លើ​ទី​លាន​វាយ​ប្រហារ​បាន​ធំទូលាយ​។ ​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះក្នុង​អំឡុង​ពេល​វាយ​ប្រហារ​ អាច​​បង្ក​គ្រោះ​ថ្នាក់​ក្នុង​រយៈ​ពេល​វែង​​បន្ទាប់​ពី​ជម្លោះ​​បញ្ចប់​ទៅ​។​

កន្លង​មក​ មាន​សេចក្ដី​រាយការណ៍​ថា​ ទាំង​រុស្ស៊ី​ និង​អ៊ុយក្រែន​ សុទ្ធ​តែ​បាន​ប្រើ​ប្រាស់​អាវុធ​ប្រភេទ​នេះ​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​៕

 ប្រែសម្រួល៖ ហួន ឌីណា

ប្រភព​៖ UN expert urges US not to supply Ukraine with cluster munitions  https://www.channelnewsasia.com/world/un-expert-urges-us-not-supply-ukraine-cluster-munitions-3786366

ads banner