រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញការពង្រឹងឱ្យល្អប្រសើរនូវភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ហើយចង់ធ្វើការជាមួយសង្គមស៊ីវិលដើម្បីសម្រេចនៅផែនបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបានរំលេចថា មានចំណុចច្រើនណាស់ដែលពាក់ព័ន្ធជាមួយនឹងអង្គការសង្គមស៊ីវិល ហើយគួរតែរកយន្តការដើម្បីធ្វើការងារជាមួយគ្នាដើម្បីយើងអាចរួមគ្នានាំកម្ពុជាទៅកាន់ការអភិវឌ្ឍ ការរីកចម្រើនថែមមួយកម្រិតទៀត។

ការបញ្ជាក់នេះនៅក្នុងកម្មវិធីទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា តាមរយៈអង្គការសង្គមស៊ីវិលដែលជាស្នូល ជាសរសរស្តម្ភដែលមានទាំងធនធានមនុស្ស ហិរញ្ញវត្ថុ មានទាំងអ្នកទទួលផលស្រាប់នៅតាមជនបទដើម្បីសហការគ្នាក្នុងការជំរុញនិងពន្លឿននូវការអភិវឌ្ឍផែនការសកម្មភាព ក៏ដូចជាបំពេញឱ្យគ្នាទៅវិញទៅមក ធ្វើឱ្យយើងអាចឈានទៅសម្រេចបាននូវទស្សនៈវិស័យឆ្នាំ២០៣០ និង២០៥០ សម្រាប់ប្រទេសកម្ពុជា។ នេះគឺជាគោលនយោបាយក៏ដូចជាការប្រាថ្នាចង់បានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា លោកកំពុងតែរៀបចំផែនទីនាំផ្លូវ និងក្របខ័ណ្ឌការងារមួយចំនួនក្នុងការធ្វើការជាមួយអង្គការសង្គមស៊ីវិលដើម្បីដាក់ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីពិនិត្យ និងផ្តល់យោបល់ ហើយសង្ឃឹមថា តទៅមុខទៀតអាចមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាធ្វើការជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ និងកាន់តែមានផលផ្លែផ្កាថែមទៀត។

ឯកឧត្តម ព្រាប កុល បានបញ្ជាក់ថា “រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ដើម្បីសម្រេចឱ្យបាននៅផែនការយុទ្ធសាស្ត្របញ្ចកោណ ដើម្បីយើងធ្វើការជាមួយគ្នាក្នុងនាមជាដៃគូ”៕ដោយ៖ ពលជ័យ

