មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញឆាប់ៗខាងមុខនេះ សម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមានបានបញ្ជាក់ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញឆាប់ៗខាងមុខនេះ សម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល ហើយនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងសូមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជំរុញ ឬក៏គាំទ្រឱ្យច្បាប់នេះ មានការវិវត្តទៅមុខនិងឈានទៅដល់ការអនុម័តជាផ្លូវការនៅពេលអនាគតដ៏ឆាប់ខាងមុខនេះ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ថា ការតម្កល់អំពីសិទ្ធិទទួលបានព័ត៌មាន គឺជាការងារភារកិច្ចរបស់ក្រសួងព័ត៌មាននឹងដាក់ចេញអនុវត្តនៅក្នុងពេលឆាប់ខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការដែលបានអនុវត្តតាំងពីអាណត្តិទី៦ ត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឯកឧត្តមបានលើកឡើងថា “យើងនិយាយវាងាយស្រួលតែដល់ពេលអនុវត្តវាពិបាក លំបាកនៅត្រង់ចំណុចមួយដែលជាសំខាន់ បានន័យថា ពហុយោបល់ ពហុគំនិត យើងឲ្យវាមានច្រកតែមួយ យើងសម្របសម្រួលឲ្យបានយល់គ្នានោះគឺជាការចាំបាច់ យើងបានធ្វើកិច្ចការនេះច្រើនណាស់តាមរយៈអង្គការអន្តរជាតិដែលបានជួយយើងមានដូចជាអង្គការយូណេស្កូ…។ល។ យើងបានជួបជាមួយសង្គមស៊ីវិលជាច្រើន និងបានពិភាក្សាដោះស្រាយនៅចំណុចជាច្រើន ប៉ុន្តែមិនទាន់ស្ថិតមកក្នុងផ្លូវស្របតែមួយ”។
ការបញ្ជាក់នេះ ក្នុងទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបន្តថា សិទ្ធិទទួលបានព័ត៌មាននេះ ពាក់ព័ន្ធជាមួយអន្តរក្រសួង ពាក់ព័ន្ធជាមួយស្ថាប័នទូទៅទាំងស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នថ្នាក់ក្រោមជាតិ។ ហេតុដូច្នេះហើយយើងមានចំណុចដែលត្រូវពិចារណា មានចំណុចដែលត្រូវបន្តការពិភាក្សា។ យើងនឹងខិតខំធ្វើឲ្យច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងក្លាយជាការពិតនៅពេលខាងមុខនេះសម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល។

ចំណែកឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញឆាប់ៗខាងមុខនេះ ជាសមទ្ធិផលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយក៏ដូចជាសម្រាប់ការចង់បានរបស់សង្គមទាំងមូល។ ឯកឧត្តមគាំទ្រឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ហើយនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងសូមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជំរុញ ឬក៏គាំទ្រឲ្យច្បាប់នេះ មានការវិវត្តទៅមុខនិងឈានទៅដល់ការអនុម័តជាផ្លូវការនៅពេលអនាគតដ៏ឆាប់ខាងមុខនេះ។
នៅក្នុងទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានទាមទារជំរុញឲ្យច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានចេញឲ្យបានឆាប់ៗនៅក្នុងពេលខាងមុខនេះ៕
ដោយ៖ពលជ័យ