មេដឹកនាំសម្ព័ន្ធសហជីពជាតិថ្កោលទោសក្រុមសហជីពមួយចំនួនញុះញង់កម្មកររឿងទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិ បានថ្កោលទោសក្រុមសហជីពមួយចំនួនដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងដែលបានចេញសេចក្តីថ្លែងការណ៍ញុះញង់កម្មករ និយោជិត ទាក់ទងការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ និងបានអំពាវនាវដល់កម្មករ កម្មការិនី កុំជឿតាមការញុះញង់របស់ក្រុមសហជីពទាំងនោះ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា សេចក្តីថ្លែងការណ៍របស់ក្រុមសហជីពមួយចំនួនតូច គឺជាការញុះញង់ដែលបម្រើឲ្យក្រុមប្រឆាំងនៅក្រៅប្រទេស និងបម្រើឲ្យពួកនយោបាយបក្សប្រឆាំងដែលកន្លងមកពួកទាំងនោះមិនបានជួយអ្វីដល់កម្មករ កម្មការិនីទេ។ ក្រុមប្រឆាំងដែលនៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងទាមទារឲ្យសហគមន៍អឺរ៉ុបផ្តាច់ EBA និង GSP ពីប្រទេសកម្ពុជា ហើយពួកគេមកដើរតួជាអ្នកប្រជាធិបតេយ្យ និងមកដើរតួជាអ្នកជួយកម្មករ។ ដូច្នេះសូមឲ្យកម្មករ និយោជិត នៅក្នុងប្រទេសកម្ពុជាមេត្តាពិចារណាចំពោះក្រុមទាំងនេះ។

លោក សាលី បានបន្តថា នៅក្នុងប្រទេសកម្ពុជា គឺជាប្រទេសដែលកាន់របបប្រជាធិបតេយ្យ ហើយមានតែប្រទេសកម្ពុជាតែមួយគត់នៅក្នុងចំណោមប្រទេសប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន គឺកម្ពុជាបានដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត ៤ដុល្លារ។ ត្បិតវាមិនច្រើនមែន ក៏ប៉ុន្តែវាជួយសម្រួលទៅដល់កម្មករ និយោជិត មានការងារធ្វើយូរអង្វែង យើងអត់ចង់បានប្រាក់ឈ្នួលខ្ពស់ហើយនាំគ្នាដើរទាត់ខ្យល់។ អ្នកវិនិយោគរត់ចេញពីប្រទេសកម្ពុជាទៅប្រទេសផ្សេងៗនោះទេ។ នេះគឺជាឧត្តមគតិពិតប្រាកដ គឺជាអ្វីដែលជាការខ្វាយខ្វល់របស់សហជីពដែលគិតពីប្រយោជន៍កម្មករ មិនមែនជាសហជីពយកលុយពីបរទេសបម្រើបរទេស បម្រើបក្សនយោបាយ បក្សប្រឆាំង។ សម្រាប់នីតិវិធីនៃការចរចា យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំសហជីពបានឃើញហើយតួលេខរបស់ភាគីនិយោជកមានតែតួលេខដកទេ តួលេខបន្ថែមមិនសូវមានទេ។ យើងឃើញថា ស្ថានភាពបែបនេះ ដែលរោងចក្រទូទៅមិនមានការងារគ្រប់គ្រាន់ ហើយបែរជាយើងទាមទារប្រាក់ខែច្រើន។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានធ្វើការថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍អវិជ្ជមានរបស់ក្រុមសហជីពមួយចំនួនដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។ ក្នុងនាមលោកជាប្រធានសម្ព័ន្ធសហជីពជាតិ និងសហជីពផ្សេងៗទៀត ក៏បានគិតគូរពីសុខទុក្ខរបស់កម្មករដូចៗគ្នា ក៏ប៉ុន្តែគិតពីប្រយោជន៍វែង។ សូមអំពាវនាវដល់កម្មករ កម្មការិនី កុំជឿតាមការញុះញង់របស់ក្រុមសហជីពមួយចំនួន៕
ដោយ៖ពលជ័យ

ads banner