ខេត្តកំពង់ឆ្នាំងធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក (Video Inside)

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កត្តាបរិស្ថាន ប្រសិនណាបើគ្មានចំណាត់ការពីបច្ចុប្បន្ននេះឡើយ។

កង្វល់នៃការកើនឡើងបរិមាណថង់ប្លាស្ទិក គឺជាកង្វល់រួមរបស់ពិភពលោក។ ជារៀងរាល់ឆ្នាំមានប្លាស្ទិក ១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានរៀងរាល់មួយនាទីម្ដងចូលក្នុងសមុទ្ទ។

បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញមានថនិកសត្វ, ត្រី និងបក្សីជាង ១លានក្បាល ដែលរងគ្រោះថ្នាក់ដោយសារការលេបប្លាស្ទិកចូលទៅ ក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។

ដើម្បីការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក, ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង វេលាថ្ងៃទី៣០កញ្ញានេះ នឹងប្រារព្ធយុទ្ធនានេះ ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទីកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅក្នុងក្រុងកំពង់ឆ្នាំង។ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត និងអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន វណ្ណារិទ្ធ នឹងអញ្ជើញចូលរួមជាអធិបតី។

សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅថ្ងៃដែលមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងមានការចុះអនុស្សារណៈយោគយល់ជាមួយគ្នា ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផងដែរ។

ads banner