សម្តេចធិបតីចេញអនុក្រឹត្យកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលើការកែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិ ជាមួយការបញ្ជាក់ថា ការបញ្ចុះអត្រាអាករនាំចេញនេះ «ក្នុងគោលដៅជួយសម្រួលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ»។
អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ បានសម្រេចបញ្ចុះ «អត្រាអាករនាំចេញលើមុខទំនិញនាំចេញមួយចំនួនពី ៣០% មក ១០%» «ពី៣០ភាគរយ មក៥ភាគរយ» «ពី២០ភាគរយមកសូន្យភាគរយ» លើមុខទំនិញថ្មធម្មជាតិមិនទាន់កែច្នៃ ដែលមានលេខរៀងខុសៗគ្នា។
សម្តេចធិបតីនៅបានថ្លែងបញ្ជាក់ជាមួយនឹងការកែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិនោះទៀតថា អនុក្រឹត្យកែសម្រួលនេះ គឺជាការឆ្លើយតបនឹងសំណូមពរ ដែលប្រមុខរាជរដ្ឋាភិបាលទទួលបាន និងបន្ទាប់ពីមានកិច្ចប្រជុំរវាងស្ថាប័នជំនាញជាមួយនឹងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ ជាមួយនឹងការដាក់ចេញនូវដំណោះស្រាយ ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិរបស់កម្ពុជា ឲ្យបានកាន់តែប្រសើរឡើង។
សម្តេចធិបតីបានបញ្ជាក់ថា «ជាលទ្ធផលកិច្ចប្រជុំបានរៀបចំជាសំណើ ដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល» ដែលសម្តេចត្រូវចុះហត្ថលេខា លើអនុក្រឹត្យអនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ។