កម្ពុជា និងពិភពលោកប្រារព្ធទិវាមនុស្សចាស់ (Video Inside)

កម្ពុជាបានចូលរួមជាមួយនឹងពិភពលោក ដើម្បីការប្រារព្ធទិវាមនុស្សចាស់ថ្ងៃទី១តុលា។ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលា ត្រូវបានរៀបចំធ្វើស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧ ដល់២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសារាចរស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការ:របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ុំពូមីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។

ប្រធានបទ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលាខាងមុខនេះ នឹងស្ថិតក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»។

សារាចរ ១០ចំណុច ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ បានណែនាំការរៀបចំ និងជួយផ្សព្វផ្សាយទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា ដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ។

ads banner