ឯកឧត្តម ប្រាក់ សោភ័ណ ណែនាំមន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត បន្តបំពេញភារកិច្ចស្នូលបម្រើសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា

(សៀមរាប)៖ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំ និង ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត ត្រូវបន្តបំពេញភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងល្អ បម្រើសេវាសាធារណៈ ជូនប្រជាជនឲ្យបានទាន់ពេលវេលា ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣  ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ។

ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា ក្រោយពេលមានភាពធូស្រាល ពីវិបត្តិកូវីដ១៩ ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ មានវប្បធម៌សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បាននិងកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនាកម្សាន្តជាបណ្តើរៗ ក្នុងការស្តារឡើងវិស័យទេសចររបស់ខេត្តយើងផងដែរ ។

ឯកឧត្តម ក៏បានជំរុញឱ្យ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត ចូលរួមអនុវត្តគោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា ៕

ដោយ ស៊ាន សុផាត

ads banner