ក្រុមអត្តពលិកកីឡាសិស្សកម្ពុជា លើ៥ប្រភេទកីឡា ត្រឡប់មកដល់កម្ពុជាវិញ ក្រោយមិនឈ្នះមេដាយពី ASEAN School Games នៅឥណ្ឌូណេស៊ី
ក្រុមប្រតិភូ កីឡាករ កីឡាការិនីសិស្សកម្ពុជា លើ៥ប្រភេទកីឡា បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ ក្រោយបញ្ចប់បេសកកម្មពីការចូលរួមការប្រកួតកីឡា សិស្សអាស៊ាន លើក ទី១១ នៅ ASEAN School Games នៅប្រទេសឥណ្ឌូណេស៊ី ដោយមិនឈ្នះមេដាយសូម្បី១គ្រឿង ។
ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកកីឡាសិស្សកម្ពុជា ឯកឧត្តម ព្រំ ប៊ុនយី បានដាក់ក្តីសង្ឃឹម មុនពេលចេញដំណើរថា អត្តពលិកកម្ពុជាលើ៥ប្រភេទកីឡា នឹងប្រជែងបានមេដាយយកមកជូនជាតិរបស់ខ្លួនជាក់ជាមិនខាន ដោយសារតែអត្តពលិកយើង គឺជាថ្នាលយុវជនដែលត្រូវបានសម្រិតសម្រាំង និងប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជន និងកីឡា ដែលពួគគេសុទ្ធសឹងតែកីឡាករ កីឡាការិនី ថ្នាលស្ថិតនៅក្នុងអាយុក្រោម១៧ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា ការចូលរួមប្រកួតកីឡា សិស្សអាស៊ាន លើក ទី១១ នៅ ASEAN School Games នៅប្រទេសឥណ្ឌូណេស៊ីឆ្នាំនេះ មិនទទួលបានដណ្តើមមេដាយ ប៉ុន្តែអត្តពលិកកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរច្រើន លើប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ៕ធ.ដ