វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា នៅខេត្តកោះកុង បានបញ្ចប់ដោយជោគជ័យ
វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា នៅខេត្តកោះកុង ដោយមានសិក្ខាកាម៧២នាក់ចូលរួម មកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកោះកុង រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា វគ្គនេះមាន គោលដៅផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុដូប៉ា ទៅដល់លោកប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ លោកនាយក លោកនាយករងវិទ្យាល័យ និងអនុវិទ្យាល័យ ពិសេសលោកគ្រូ អ្នកគ្រូអប់រំកាយនិងកីឡា ស្រុក ក្រុងទាំងអស់ យកទៅផ្សព្វផ្សាយបន្តដល់កីឡាករ កីឡាការិនី នៅមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំលើកកម្លាំង ឬថ្នាំណាដែលមានផលប៉ះពាល់ ដល់ការប្រកួត ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់ សារធាតុដូប៉ា ក្នុងវិស័យកីឡា ខាងលើ មានសិក្ខាកាម៧២នាក់ ចូលរួម នឹងមានគ្រូឧទ្ទេស៤រូបមាន លោក សំ សុខយី, លោក អ៊ិត ឡេង, លោក ឃួន ណារិទ្ធ និងលោកបណ្ឌិត ស្តើង ជា មកពីគណៈកម្មាធិការជាតិអូឡាំពិក ៕ធ.ដ