ក្រសួងសង្គមកិច្ចប្រារព្ធទិវាមនុស្សចាស់ (Video Inside)

ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រារព្ធទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី២ តុលានេះ ជាមួយការអំពាវនាវការយកចិត្តទុកដាក់មនុស្សចាស់។ ប្រធានបទ នៃទិវាមនុស្សចាស់ ដែលត្រូវបានប្រារព្ធក្នុងឆ្នាំ២០២៣នេះ បានស្ថិតក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»។

លោករដ្ឋមន្ត្រី បានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩, ចំនួនប្រជាជនដែលមានវ័យចាស់ចំនួន ប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង៨,៩% នៃចំនួនប្រជាជនសរុបជាង១៥លាននាក់។ លោកថាអ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំនៅមានកម្រិត។

លោកបានថ្លែងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ កំពុងបន្ដពង្រឹងពង្រីកសមាគម មនុស្សចាស់នៅតាមឃុំ សង្កាត់ ដើម្បីការជួយទ្រទ្រង់ និងយកចិត្តទុកដាក់មនុស្សចាស់ ស្របតាមគោលនយោបាយដាក់ចេញរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើតសមាគមមនុស្សចាស់ បានចំនួន ១ពាន់ ៦៤៦ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស និងបញ្ជាក់ទៀតថា ថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ ដោយបានបង្កើតសមាគមមនុស្សចាស់គំរូថ្មី នៅរាជធានី-ខេត្ដចំនួន ៩ រួមមាន៖ រាជធានី ភ្នំពេញ ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដត្បូងឃ្មុំ ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដព្រះវិហារ និងខេត្ដបាត់ដំបងផងដែរ។

ads banner