អាជ្ញាធរប្រឆាំងគ្រាប់មីន ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហូរតាមខ្សែទឹកជំនន់ (Video Inside)
មន្ត្រីអាជ្ញាធរប្រឆាំងគ្រាប់មីនបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ត្រូវប្រុងប្រយ័ត្នបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោយទឹកជំនន់បានស្រក។
ការអំពាវនាវនេះរបស់អាជ្ញាធរប្រឆាំងគ្រាប់មីន បានធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានខេត្តមួយចំនួនរបស់កម្ពុជា ពិសេសខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងជាដើម បានជួបនូវបញ្ហាទឹកជំនន់។ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង គឹជាខេត្តដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះកប់នៅក្នុងដី និងគ្រាប់ទាំងនេះ នឹងអាចហូរតាមខ្សែទឹកទៅកាន់ទីកន្លែងផ្សេង ដែលត្រូវបានគេដោះគ្រាប់មីនអស់ចេញពីក្នុងដី។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងអំពាវនាវក្នុងសេចក្តីថ្លែងការណ៍មួយសប្តាហ៍នេះ ដោយបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុងប្រយត្ន័គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្រោយទឹកជំនន់។ លោកបានថ្លែងទៀតថា សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់ នៅពេលជួបប្រទះគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌសង្គ្រាមផ្សេងៗ ដើម្បីការឆ្លើយតបបោសសម្អាត ជូនធានាសុខសុវត្ថិភាព»។