កម្ពុជាបន្តរងប្រព័ន្ធសម្ពាធទាប ITCZ ក្នុងសប្តាហ៍នេះ (Video Inside)
កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅបន្តរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលការព្យាករណ៍បានបង្ហាញថា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ នឹងគ្របដណ្តប់មកលើអាងទន្លសមេគង្គថៃ និងឡាវ ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលចុះមកក្រោម អូសបន្លាយមកលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែតុលា នៅបានបង្ហាញថា ព្យុះទី១៤ ឈ្មោះ កយនុយ ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក ក៏កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។
តាមការព្យាករណ៍ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច ប៉ុន្ដែព្យុះនេះ គឺមិនមានឥទ្ធិពលមកដល់កម្ពុជានោះទេ។
យោងតាមការព្យាករណ៍ដដែល រវាងថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានា នៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០ទៅ៦០ ភាគរយ។
ចំណែកបណ្ដារាជធានី និងបណ្តាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្ទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៦០ទៅ ៨០ភាគរយ។