ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួប សំណេះ សំណាលជាមួយកម្មករ និយោជិត ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ជិត ២ម៉ឺននាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រ សហគ្រាសទាំង ២២នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨, រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ , រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រ ចំនួន ១។

នេះគឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ  និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួប៤លើកកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ា ណែត បានថ្លែងបង្ហាញពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មី ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ កំណើនការងារ និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ជាក់ស្ដែង កាលពីថ្ងៃទី២៨ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឈ្នួលគោលជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និង វាយនភណ្ឌ ចំនួន២០៤ ដុល្លារ ក្នុង ១ខែ ។

សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេស ស្ត្រីមានផ្ទៃពោះខណៈដែលក្នុងខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចាប់ផ្តើមអនុវត្តន៍កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពី ពេល មានផ្ទៃ ពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈ កម្ម វិធី ជំនួយសង្គមនេះ កម្មការិនីម្នាក់ អាច ទទួល បានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើក ជា១៤លើក។ ៤លើក បើកមុន ពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយពេលសម្រាលកូន។ ក្នុងមួយលើកបើកបាន ៨ម៉ឺនរៀល។

បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការឧបត្ថម្ភដាច់ដោយឡែកពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀល ផងដែរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ និងសម្រាលកូនបានចំនួន ៤១៩,០៤៤នាក់ (សម្រាលបានកូនចំនួន ៤០៦,០១២នាក់) ចំណាយថវិកា ៤១.២លានដុល្លារ។

ដោយឡែកការអនុវត្តន៍គោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ មានកម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាជាស្ត្រីសម្រាលកូនចំនួន ១០,០៦២នាក់ កូនចំនួន ៩,៦៨៥នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៤០,៣៩៣នាក់។ រយៈពេលពេល ២ខែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានចំណាយថវិកា ៣លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner