លោក បូរីស ចនសុន ថ្លែងថា អង់គ្លេសចង់ចំហទ្វារឲ្យធំជាងគេនៅអឺរ៉ុប ក្នុងការទទួលវិនិយោគិនចិន
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ រដ្ឋាភិបាលថ្មីរបស់អង់គ្លេស នឹងមាននិន្នាការគាំទ្រយ៉ាងពេញទំហឹងចំពោះចិន ជាពិសេសជុំវិញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នេះបើតាមនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីលោក បូរីស ចនសុន ថ្លែងប្រាប់សារព័ត៌មានចិន ។
លោក បូរីស ចនសុន បានគូសបញ្ជាក់ថា លោកចាប់អាម្មណ៍ជាខ្លាំងអំពីអ្វីដែលលោក ស៊ី ជិនពីង កំពុងខិតខំប្រឹងប្រែងធ្វើសម្រាប់គម្រោង ខ្សែក្រវាត់ និងផ្លូវ ហើយលោកក៏បានអះអាងដែរថា រដ្ឋាភិបាលលោកនឹងបើកចំហអង់គ្លេសឲ្យទូលំទូលាយជាងគេបង្អស់នៅតំបន់អឺរ៉ុប សម្រាប់វិនិយោគិនចិនទាំងឡាយ ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រី្តថ្មីរបស់អង់គ្លេសរូបនេះក៏បានសម្តែងការស្វាគមន៍ ចំពោះនិស្សិតចិនរាប់ម៉ឺននាក់ ដែលបានមកបន្តការសិក្សានៅចក្រភពអង់គ្លេស ដោយវាគឺជារឿងដ៏ប្រពៃសម្រាប់ប្រទេស ព្រមទាំងសង្គមអង់គ្លេស ៕ធ.ដ