ក្រសួងការងារ បង្ហាញវឌ្ឍនភាពការងារអាទិភាព ៦ចំណុច ដែលត្រូវសម្រេចឱ្យបាននៅឆ្នាំ២០២៣ ដើម្បីជាប្រយោជន៍កម្មករ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៣ ខែតុលា បានបង្ហាញពីវឌ្ឍនភាពការងារអាទិភាពចំនួន៦ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ឱ្យក្រសួងការងារ ប្រតិបត្តិនៅឆ្នាំ២០២៣ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងការលើកតម្កើងជីវភាព ក៏ដូចជាការកាត់បន្ថយចំណាយដល់កម្មករនិយោជិត។

ក្នុងសុន្ទរកថាជំនួបជាមួយកម្មករនិយោជិតប្រមាណ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ អះអាងថា កិច្ចការទីមួយដែលបំពេញយ៉ាងជោគជ័យជូនរាជរដ្ឋាភិបាល គឺការកំណត់ប្រាក់ឈ្នួលឆ្នាំ២០២៤គោលជូនកម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ ក្រុមការងារប្រាក់ឈ្នួលអប្បបរមាដែលមានរដ្ឋមន្ត្រីក្រសួងការងារជាប្រធាន កាលពីថ្ងៃទី២៨ ខែកញ្ញា បានសម្រេចតួលេខប្រាក់ឈ្នួលគោលសម្រាប់កម្មករ ចំនួន២០២ដុល្លារ ហើយសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន ២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៤។
ដោយឡែកចំពោះកិច្ចការងារទីពីរស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.វិញ មកដល់ពេលនេះ ក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមរៀបចំប្រកាសអន្តរក្រសួង ដើម្បីដាក់ឱ្យអនុវត្ត នៅមុន ដំណាច់ ឆ្នាំ២០២៣។

ចំពោះកិច្ចការងារទីបីស្តីពីលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងកម្មករនិយោជិតចំនួន១,៥លាននាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការមួយជំហ៊ានរួចហើយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបានកំណត់យន្តការ មុខសញ្ញា វិធីសាស្រ្តចុះឈ្មោះសិស្ស កម្មវិធីសិក្សា និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីដាក់ដំណើរការតាមកាលកំណត់។ បន្ថែមពីនេះ ក្រសួង ក៏បានពិភាក្សាជាមួយសមាគមនិយោជកដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតបានចូលរៀននៅវេនយប់ ឬវេនចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យ ផងដែរ។
មួយវិញទៀតទាក់ទងនឹងការងារទីបួន លើការហ្វឹកហ្វឺនកូនជាង ក្រសួងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក ឱ្យកែសម្រួលយន្តការអនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្របតាមកញ្ចប់ស្តង់ដារបណ្តុះបណ្តាល សម្រាប់កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយរួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។

សម្រាប់កិច្ចការងារទី៥ ស្តីពីការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ក្រសួងការងារ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន,ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូន បានយ៉ាងជោគជ័យ។ ក្នុងនោះគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤១៩ ០៤៤នាក់ដោយចំណាយថវិកា ៤១,២លានដុល្លារ។ ដោយឡែក ក្នុងរយៈពេល២ខែចុងក្រោយនេះ(ខែសីហាដល់ខែតុលា)ដែលជាគោលការណ៍ឧបត្ថមថ្មី រាជរដ្ឋាភិបាល បានចំណាយថវិកាជិត ៣លានដុល្លារ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១០ ០៦២នាក់។
ចំពោះកិច្ចការងារចុងក្រោយដែលរាជរដ្ឋាភិបាលប្រគល់ស្តីពីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ បច្ចុប្បន្នក្រសួងបានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណៈវិនិច្ឆ័យ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញជាយុទ្ធសាស្ត្រ និងយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤តទៅ។

គួរបញ្ជាក់ថា ការងារអាទិភាពទាំង៦នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូនក្រសួងការងារនិងបណ្តាលវិជា្ជជីវៈដើម្បីបង្កើនប្រាក់ឈ្នួល កាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ក៏ដូចជាពង្រឹងសមត្ថភាពជំនាញរបស់កម្មករនិយោជិតក្នុងគោលបង្កើនផលិតភាពការងារឲ្យកាន់តែល្អប្រសើរដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងទីផ្សារតំបន់ប្រកបដោយប្រសិទ្ធភាព ៕
ដោយ វណ្ណលុក
