សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងគុយបា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជា​ប្រវត្តិសាស្រ្ត​រវាងប្រទេសកម្ពុជា និងគុយបា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបប​ប្រល័យ​ពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជាមិនមានមិត្តភក្តិច្រើននៅឡើយ។ប្រទេសគុយបាបានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏​បាន​បន្តរហូតមកដល់បច្ចុប្បន្ន និងក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

​ប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងឱកាសនៃជំនួប សម្តេចធិបតីបានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នា​ក្នុងគ្រាលំបាក។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់​ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចទាំង​កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។

ចំណែកលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានបញ្ជាក់ជាថ្មីអំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ ថ្វីបើភូមិសាស្ត្រនៃប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងពីរ នៅជិតគ្នាជានិច្ច ។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យជា​ច្រើន ជាអាទិ៍ វិស័យសុខាភិបាល, កសិកម្ម, និងវិស័យសក្តានុពលផ្សេងៗទៀត។ លោកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធក្នុងរយៈពេលនៃការបំពេញការងារការទូតរបស់លោកស្រីនៅកម្ពុជា អស់រយៈកាលកន្លងមកនេះ និងក្នុងនាមរដ្ឋាភិបាល និងប្រជាជនគុយបា លោកស្រី បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់បញ្ជូន ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន តំណាងជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77+China នៅទីក្រុងហាវ៉ាណា កាលពីពាក់​កណ្តាល​ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើ​នូវការអរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី Miguel Díaz-Canel Bermúdez ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានរឭកផងដែរអំពីលទ្ធផលជាផ្លែផ្កា​នៃកិច្ច​សន្ទនាតាមប្រព័ន្ធទូរសព្ទរវាងថ្នាក់ដឹកនាំទាំងពីរ នាពេលថ្មីៗនេះ ។

មុនបញ្ចប់ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ​សាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍ សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពី​បំណងដូចគ្នានេះ ដោយ សម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ៕

ដោយ៖ពល ជ័យ

ads banner