ឯកឧត្តម ហ៊ុន ម៉ានី ៖ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»គឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី
ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នាពេលនេះ គឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិធានការគន្លឹះ ត្រង់ចំណុចទី២គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរសាលាភូមិន្ទរដ្ឋបាល ដែលបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។
ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកចំណុច និងខ្លឹមសារ ០៣ សំខាន់ដែលជាទស្សនៈ និងបទពិសោធន៍របស់ឯកឧត្តមផ្ទាល់ ជូនដល់អង្គសិក្ខាកាម ក្នុងនោះរួមមាន៖ (១)ស្មារតី ដឹកនាំសកម្មភាព La conscience determine l’ action ការចេះប្រើប្រាស់ចំណេះដឹងឱ្យត្រូវតាមបរិបទ និងស្របតាមលទ្ធភាព និងមធ្យោបាយដែលមានក្នុងដៃ និង(៣) គុណភាពនៃអ្នកដឹកនាំ ដែលត្រូវការចាំបាច់កត្តាបី គឺចក្ខុវិស័យ ជំនាញ និងអត្តចរិត។ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ឯកឧត្តមបានលើកឡើងដែរថា ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ត្រូវការក្តាប់ឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បន្តសម្រួចនូវចំណេះជំនាញជាបច្ចេកទេសក្នុងការបំពេញភារកិច្ច ឱ្យស្របតាមបរិបទជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសម្រេចសមិទ្ធផលអោយបានច្រើន និងការប្រកាន់ភ្ជាប់អត្តចរិកទន់ភ្លន់ ហ្មត់ចត់ក្នុងការបំពេញការងារ៕ដោយ៖ពលជ័យ

ចំណែកលោក Bryan Fornari នាយកផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានឡើងមានមតិស្វាគមន៍គណៈអធិបតី និងអង្គសិក្ខាកាម ដោយធ្វើការរៀបរាប់ពីសាវតារនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងគម្រោងកន្លងមកដែលធ្លាប់បានរៀបចំក្រោមកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។

រីឯឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងរបាយការណ៍ ផ្តើមចេញពីការបង្ហាញពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាល ដំណើរប្រព្រឹត្តទៅ និងភាពជោគជ័យដែលទទួលបានកន្លងមក ព្រមទាំងក្តីរំពឹងសម្រាប់វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៥។ ឯកឧត្តមបានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួនបួនជំនាន់មកហើយ ដែលជាលទ្ធផល សិក្ខាកាមចំនួន៦៥៧នាក់(ស្រី១១១នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ដោយឡែក សម្រាប់ «វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នាពេលនេះ នឹងធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមជាន់ខ្ពស់ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល អភិបាលក្រុង ស្រុក នាយករដ្ឋបាល ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង ស្ថាប័ន ចំនួន៣៣ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២៥រាជធានី-ខេត្ត សរុបចំនួន១៩៧នាក់។ ការបណ្ដុះបណ្ដាលមានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍ សិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍តម្រូវឱ្យសិក្ខាកាមមកសិក្សាផ្ទាល់នៅសាលា៕ ដោយ៖ពលជ័យ