ក្រសួងមហាផ្ទៃស្នើពិនិត្យលទ្ធភាពទេសចរថៃ ចូលកម្សាន្តកម្ពុជាដោយប្រើ Border Pass (Video Inside)
ក្រសួងមហាផ្ទៃ បានប្រាប់ក្រុមជំនាញធ្វើការសិក្សា ជុំវិញការបើកលទ្ធភាពឱ្យទេសចរថៃ អាចចូលមកកំសាន្តក្នុងទឹកដីកម្ពុជា ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនឡើយ ប៉ុន្តែអាចប្រើប្រាស់បានត្រឹមតែបណ្ណព្រំដែន Border Pass។
បច្ចុប្បន្នការប្រើប្រាស់ប័ណ្ណព្រំដែន ឬ Border Pass ត្រូវបានអនុវត្តហើយ ប៉ុន្តែការធ្វើដំណើរសម្រាប់អ្នកកាន់បណ្ណព្រំដែននោះ អាចមានសិទ្ធិចេញចូលត្រឹមខេត្តដែលជាប់ព្រំដែនតែប៉ុណ្ណោះ។
អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែតុលា ក្នុងឱកាសអញ្ជើញរួមពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើឱ្យពិនិត្យសិក្សាលើការប្រើប្រាស់ប័ណ្ណព្រំដែន ដោយផ្តល់លទ្ធភាពអាចចូលកំសាន្តនៅក្នុងប្រទេសកម្ពុជាបាន។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍, ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរថៃមកកម្សាន្តនៅប្រទេសកម្ពុជា មានជាង១លាននាក់។ ចំនួននេះមានការកើនឡើង បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។