សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករកម្ពុជា សាលី ហ្វីលីន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរកីឡាករកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស ១ និងប្រាក់ ១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក កម្រិតពិភពលោក នៅសហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោកឆ្នាំ២០២៣ជុំទី៣ ក្នុងរដ្ឋអារីហ្សូណា គឺជាព្រឹត្តិការណ៍មួយ ដែលចូលរួមដោយកីឡាករល្បីពិភពលោក មកពីគ្រប់ទ្វីប ក្នុងនោះរួមមានកម្ពុជាផងដែរ។ ព្រឹត្តិការណ៍ប្រណាំងងម៉ូតូទឹកនេះ មានរយៈពេល ៥ថ្ងៃ គឺនឹងបញ្ចប់នៅថ្ងៃទី៨តុលា។

លោក សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួមប្រកួត ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល៤រូបទៀត គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍។

នៅក្នុងការប្រកួតថ្ងៃទី៤តុលា, កីឡាករ សាលី ហ្វីលីន របស់កម្ពុជា បានឈ្នះមេដាយ ២គ្រឿង គឺមេដាយមាស និងមេដាយប្រាក់ ដែលជាការផ្តល់មោទនភាពយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ នៅលើបណ្ដាញសង្គមសរសេរថា «អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក២០២៣ ជុំទី៣»។
នេះជាលើកទី២ ហើយ ដែលកីឡាករម៉ូតូទឹក សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។

ក្នុងការប្រណាំងម៉ូតូទឹកកម្រិតពិភពលោកជុំទី២ ធ្វើនៅក្នុងប្រទេសបារាំង កាលពីខែកក្កដាកន្លងទៅ កីឡាករកម្ពុជាបានដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ក្នុងនោះ គឺកីឡាករ សាលី ហ្វីលីន ក៏បានដណ្ដើមបានមេដាយមាស ១គ្រឿងផងដែរ។

ads banner