អភិបាលខេត្តព្រះសីហនុដាស់តឿនពលរដ្ឋក្នុងខេត្តប្រុងប្រយ័ត្នឥទ្ធិពលព្យុះទី១៤ (Video Inside)
អភិបាលខេត្តព្រះសីហនុ បានអំពាវនាវពលរដ្ឋក្នុងខេត្ត មិនត្រូវចេញនេសាទក្នុងសមុទ្ទឡើយ ខណៈដែលមានសេចក្តីរាយការណ៍ជុំវិញក្តីបារម្ភព្យុះទី១៤ កយនុយ Koinu ដែលមកពីក្នុងតំបន់ដែនមហាសមុទ្ទប៉ាស៊ីហ្វិក។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី១៤នេះ នឹងធ្វើដំណើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតហុងកុងនៅថ្ងៃទី៨តុលា។
បើទោះបីជាក្រសួងធនធានទឹកបានព្យាករណ៍ថាព្យុះទី១៤ នោះ នឹងមិនមានឥទ្ធិពលមកដល់កម្ពុជាក៏ដោយ, អភិបាលខេត្តព្រះសីហនុ បានដាស់តឿនដល់ពលរដ្ឋមិនត្រូវចេញនេសាទ ក្នុងសមុទ្ទឡើយ។
លោកគួច ចំរើន បានដាក់បញ្ជាដល់សមត្ថកិច្ចក្រោមបង្គាប់ខេត្តទាំងអស់ ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋថែមទៀត បើសិនជាមានហេតុការណ៍គ្រោះថ្នាក់កើតឡើង។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅតែបន្តរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ ការព្យាករណ៍បង្ហាញថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ នឹងគ្របដណ្តប់លើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
យោងតាមការព្យាករណ៍ដដែល រវាងថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៦ ខែតុលា បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី៤០ទៅ៦០ ភាគរយ។