អាជ្ញាធរចាត់វិធានការបញ្ចៀសជំនន់ទឹកភ្លៀង ចូលក្នុងតំបន់ប្រាសាទបុរាណខេត្តសៀមរាប (Video Inside)
អាជ្ញាធរជាតិអប្សរាកំពុងរកមធ្យោបាយបញ្ចៀសទឹក មិនឱ្យជន់លិចតំបន់ប្រាសាទ ខណៈដែលជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៣នេះ ត្រូវបានគេបារម្ភថានឹងអាចប៉ះពាល់ដល់ប្រាសាទបុរាណខ្មែរ បើសិនជាមិនមានវិធានការណ៍ត្រៀមទប់ទល់ជាមុននោះទេ។
សេចក្តីរាយការណ៍បានបង្ហាញថាដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទបុរាណខ្មែរនោះ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានណែនាំឱ្យមន្រ្តីក្រោមបង្គាប់ ត្រូវត្រៀមបើកទ្វារទឹក និងត្រៀមបញ្ចៀសឱ្យបានទាន់ពេលវេលា។
យោងតាមប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក ភឿន សុឃីម គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរ កំពុងហក់ឡើងខ្លាំង ប៉ុន្តែទឹកមិនទាន់បានហៀរហូរចូលក្នុងតំបន់ប្រាសាទបុរាណខ្មែរឡើយ។
លោក ភឿន សុឃីម បានថ្លែងថា ទឹកទាំងនោះត្រូវបានបញ្ចៀសទៅតាមទ្វារទឹកសំខាន់ៗ ដូចជានៅ អូរខ្លូត, អូររកា ដោយការទម្លាក់ទឹកទាំងនោះ ទៅស្ទឹងពួក, ស្ទឹងព្រះស្រុក និងទឹកជំនន់ខ្លះទៀត ត្រូវបានបញ្ចូលទៅតាមកសិន្ធុ និងបារាយណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាត្រូវគេរាយការណ៍ថាអាចគ្រប់គ្រងស្ថានការណ៍ទឹកទាំងនេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដោយសារសមត្ថភាពទ្វារទឹក ដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។
សេចក្តីរាយការណ៍បង្ហាញថាប្រសិនគ្មានភ្លៀងធ្លាក់២ទៅ៣ថ្ងៃខាងមុខនេះទេ ស្ថានភាពទឹកភ្លៀងនៅតំបន់រមណីយដ្ឋានអង្គរនឹងធូរស្រាលទៅវិញ។ មន្ត្រីក្រសួងកសិកម្មបានស្នើរកការយោគយល់ពីប្រជាពលរដ្ឋ ក្នុងកំឡុងពេលបើកទ្វារទឹកនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្បែរអូរ។