គ.ជ.ប បើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេច ដូចខាងក្រោម៖
១.កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
•សេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
•ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែង
•ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្ត
•ប្រតិទិននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
•សេចក្តីសម្រេច ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
•គំរូបណ្ណព័ត៌មានអ្នកបោះឆ្នោត
•ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់
•ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់ នៃមណ្ឌលរាជធានី ខេត្ត
•សេចក្តីសម្រេច ស្តីពីការបញ្ចូលឈ្មោះ និងលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។
២.ក្រោយពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប អំពីការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យម្តងមួយជំពូកៗ និងបានកែសម្រួលពាក្យពេចន៍មួយចំនួនក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធី។

អង្គប្រជុំ គ.ជ.ប បានឯកភាពលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី ដែលមានចំនួន១០ជំពូក និងឧបសម្ព័ន្ធ។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបាន គ.ជ.ប បញ្ជូនទៅភាគីពាក់ព័ន្ធចំនួន ៨០ស្ថាប័ន ដើម្បីផ្តល់យោបល់។ ស្ថាប័នចំនួន៣៦ បានផ្តល់យោបល់ និងបញ្ជូនមក គ.ជ.បវិញ។

៣.កែសម្រួល និងឯកភាពលើឯកសារពាក់ព័ន្ធនឹងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិចល័ត និងភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
•សេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
•ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទម្រង់បែបបទ ១០០៧)
•ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
•ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
•គំរូបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេត-ការណ៍អន្តរជាតិ អ្នកសង្កេតការណ៍ជាតិចល័ត និងភ្ញៀវពិសេស។

៤.ឯកភាពលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
យោងតាមប្រតិទិននៃការបោះឆ្នោតដែល គ.ជ.ប បានសម្រេចរួចហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំណែកឯ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner