ទេសចរណ៍ជាតិកូរ៉េខាងត្បូង សម្រុកមកទស្សនាខេត្តសៀមរាប (Video Inside)

ក្រុមភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងចំនួន ៤០៣នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងជាដំណើរក្រុមដ៏ធំលើកដំបូងមួយតាមជើងហោះហើរសាកល្បងចុះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើតេស្តសាកល្បងជាលើកដំបូង នូវជើងហោះហើរចំនួន៣ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

ទេសចរណ៍កូរ៉េខាងត្បូងទាំងនេះ បានធ្វើដំណើរតាមរយៈក្រុមហ៊ុនទេសចរណ៍ Tour Fresh។ ក្រុមហ៊ុនទេសចរណ៍ Tour Fresh បញ្ជាក់ថា សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ ជនជាតិកូរ៉េនឹងមកទស្សនានូវភាពស្រស់ស្អាត នៃធម្មជាតិ ក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទបុរាណរបស់កម្ពុជា។

ក្រុមហ៊ុន Tour Fresh បាននិយាយថាចំនួនភ្ញៀវទេសចរណ៍ ពីកូរ៉េខាងត្បូង នឹងមានចំនួនប្រមាណ ១ពាន់ ២០០នាក់ ប៉ុន្តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ទើបបានជាង ៤០០នាក់។

របាយការណ៍របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេស ចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ពាន់ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។

ads banner