អតីតចលនាមាតាធម្មជាតិប្រឆាំងដាច់ខាតចំពោះសកម្មភាពដើរតវ៉ាយ៉ាងអនាធិបតេយ្យដោយក្រុម ភួន កែវ រស្មី, ឡុង គន្ធា និង ថុន រដ្ឋា រួមទាំងបក្ខពួក

ភ្នំពេញ៖ អតីតចលនាមាតាធម្មជាតិ និងក្នុងនាមអង្គការមេត្តាធម្មជាតិ បានសម្ដែងការមិនពេញចិត្ត និងសូមធ្វើការប្រឆាំងដាច់ខាតចំពោះសកម្មភាពដើរដង្ហែតវ៉ាយ៉ាងអនាធិបតេយ្យ និងគ្មានសណ្ដាប់ធ្នាប់តាមទីសាធារណៈដោយ កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា រួមទាំងបក្ខពួក ដែលបានដាក់លិខិតសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ទាមទារចេញទៅក្រៅប្រទេសទាំងខ្លួនត្រូវតុលាការចេញសេចក្តីសម្រេចហាមឃាត់មិនឱ្យចាកចេញទៅក្រៅប្រទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការមេត្តាធម្មជាតិ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការមេត្តាធម្មជាតិបានបន្តថា ពួកគាត់តែងតែបង្ករូបភាពអនាធិបតេយ្យ និងធ្វើសកម្មភាពផ្ទុយពីច្បាប់នានារបស់ប្រទេសកម្ពុជាជារឿយៗ។ អង្គការមេត្តាធម្មជាតិបានបញ្ជាក់ថា “យើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថា អង្គការមាតាធម្មជាតិ (ចលនាមាតាធម្មជាតិ) ត្រូវបានលុបអាជ្ញាប័ណ្ណចេញពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាយូរណាស់មកហើយ ដោយសារតែសកម្មជនខុសច្បាប់ អាឡិច ហ្គន់សាឡេសដេវិសុន (Alejandro Gonzalez Devidson) និងបក្ខពួករបស់ខ្លួនបានយកឈ្មោះអង្គការមាតាធម្មជាតិ ឬហៅថា ចលនាមាតាធម្មជាតិ ទៅប្រើប្រាស់ក្រោមរូបភាពនៃការការពារសិទ្ធិមនុស្ស និងបរិស្ថាន ដើម្បីយកទៅបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជា បង្កើតចលនាបះបោរប្រឆាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសកម្ពុជាឈានដល់ភាពវឹកវរ អនាធិបតេយ្យ និងអាប់ឱនកិត្តិយសក្នុងឆាកអន្តរជាតិ។ ពួកគាត់តែងតែលើកយកច្បាប់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ ទៅចោទប្រកាន់រាជរដ្ឋ ភិបាលថាមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែផ្ទុយទៅវិញសកម្មភាពរបស់ពួកគាត់តែងតែបង្កភាពវឹកវរ រូបភាព អនាធិបតេយ្យដល់មុខមាត់ជាតិទៅវិញ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងកេងចំណេញនយោបាយតែប៉ុណ្ណោះ”។

ជាមួយគ្នានេះ អតីតចលនាមាតាធម្មជាតិ បានស្នើសុំអាជ្ញាធរពាក់ព័ន្ធមេត្តាធ្វើការស្រាវជ្រាវចាត់វិធានការទៅលើ បុគ្គលទាំងនោះតាមច្បាប់របស់ប្រទេសកម្ពុជាជាធរមាន។ ក្នុងនាមអង្គការមេត្តាធម្មជាតិ និងជាអតីតចលនាមាតាធម្មជាតិសូម បញ្ជាក់ថា “យើងខ្ញុំបានធ្វើកិច្ចការងារលើបរិស្ថានប្រកបដោយ គុណធម៌ សច្ចធម៌ តម្លាភាព និងគាំទ្រដាច់ខាតនូវគោលនយោបាយ សន្តិភាពរបស់រាជរដ្ឋាភិបាល។ មានសន្តិភាព មានការការពារបរិស្ថាន មានសន្តិភាព មានការអភិវឌ្ឍន៍”។

សូមជម្រាបថា ក្រុមរបស់ឈ្មោះ ភួន កែវរស្មី , ឡុង គន្ធា និង ថុន រដ្ឋា ដាក់ពាក្យទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្នើសុំចាកចេញពីប្រទេសកម្ពុជាទៅប្រទេសស៊ុយអ៊ែត ដើម្បីទៅទទួលពានរង្វាន់ Rigth Livelihood Award 2023 ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ទាក់ទងការស្នើនេះ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាបានចារបដិសេធថា ៖ គ្មានភាពចាំបាច់ មិនអនុញ្ញាតឲ្យចាកចេញក្រៅប្រទេស៕
ដោយ៖ពលជ័យ

ads banner