លោក ចូ បៃដិន ថា ការជួបប្រធានាធិបតីចិននៅខែវិច្ឆិកា គឺអាចទៅរូច

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី៦ ខែតុលានេះ បានថ្លែងថា លោកអាចនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា ប៉ុន្តែលោកថា មិនទាន់មានកាលវិភាគនៅឡើយទេ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក និងលោក ស៊ី គ្រោងជួបគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ យ៉ាងដូច្នេះថា មិនទាន់មានកាលបិច្ឆេទនៃជំនួបបែបនេះទេ ប៉ុន្តែវាអាចទៅរួច។ លោក បៃដិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំមកពីទូទាំងតំបន់អាស៊ីនៅថ្ងៃទី១៦ និងទី១៧ ខែវិច្ឆិកា នៅក្នុងទីក្រុងកាលីហ្វ័រញ៉ា ហើយការរំពឹងទុកនានាបានលើកឡើងថា វាអាចជាកន្លែងសម្រាប់កិច្ចពិភាក្សា។

គួរបញ្ជាក់ថា មេដឹកនាំប្រទេសមហាអំណាចជាគូប្រជែងទាំងពីរ មិនបានជួបផ្ទាល់ ឬនិយាយគ្នាជិតមួយឆ្នាំមកហើយ ហើយភាពតានតឹងបានកើនឡើង ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងប្រជែងឥទ្ធិពលលើសកលលោក។ យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនបានបញ្ជាក់ថាតើលោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល ឬជួបជាមួយសមភាគីអាមេរិករបស់គាត់នោះទេ។ រីឯសេតវិមានក៏បានបដិសេធមិននិយាយលម្អិតអំពីជំនួបសក្តានុពលជាមួយលោក ស៊ី នោះដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner