ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ចេញព្រះរាជក្រមប្រកាសឱ្យបើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចថា ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និង ចាត់ទុកជាការប្រញាប់ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ហើយមាន អានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។

ក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា ក្រោយពីបានស្តាប់ការបំភ្លឺរបស់តំណាងរាជរដ្ឋភិបាល ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍ ក្រោយពីបានពិភាក្សានិងពិចារណាត្រឹមត្រូវតាមច្បាប់ហើយ៖
-យល់ឃើញថា រដ្ឋសភានិងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា១១៣…ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច
-យល់ឃើញថា សំណើរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ធ្វើឡើងស្របតាមមាត្រា១៤០..ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា១៦..ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះក្រុមប្រឹក្សាធម្មនុញ្ញ អាចទទួលយកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះមកពិនិត្យបាន
-យល់ឃើញថា ទម្រង់នៃការតាក់តែងនិងការអនុម័តច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា ការបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលលើចំណុចមួយចំនួននៃច្បាប់ស្តីពីការ បង្កើតក្រសួងអធិការកិច្ច ក្នុងសម័យប្រជុំក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រព្រឹត្តទៅស្របតាមមាត្រា២១ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
-យល់ឃើញថា មាត្រា១ ដែលចែងថា “ ត្រូវបានបង្កើតក្រសួងអធិការកិច្ច ចំណុះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ “ ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ “
-យល់ឃើញថា មាត្រា២ ដែលចែងថា ” ក្រសួងអធិការកិច្ចមានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រង វិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ “ ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា មាត្រា៣ ដែលចែងថា ” ក្រសួងអធិការកិច្ចត្រូវដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីមួយរូប អមដោយរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់។ រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រី។ ” ពុំមានអ្វី មិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា មាត្រា៤ ដែលចែងថា “ ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យ។ “ ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា មាត្រា៥ ដែលចែងថា ” ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ អធិការកិច្ចដែលនៅជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានការកំណត់ជាថ្មី ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ” ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា មាត្រា៦ ដែលចែងថា “ លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការ អនុវត្តច្បាប់ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានលិខិត បទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ” ពុំមានអ្វីមិនស្របនឹង រដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា មាត្រា៧ ដែលចែងថា ” ការងារ និងរចនាសម្ព័ន្ធទាំងឡាយ ដោយរួមទាំង មន្ត្រីរាជការ បុគ្គលិក ចលនទ្រព្យ និងអចលនទ្រព្យនៃក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវធ្វើសមាហរណកម្មឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងអធិការកិច្ច។” ពុំមានអ្វី មិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ
-យល់ឃើញថា មាត្រា៨ ដែលចែងថា “ មន្ត្រីរាជការនិងបុគ្គលិក ដែលកំពុងបម្រើការងារ នៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តដែលមានមុនពេលច្បាប់នេះចូល ជាធរមាន រហូតដល់មានការរៀបចំចាត់ចែងនិងតែងតាំងជាថ្មី ស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ពុំមានអ្វី មិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ៕

ads banner