រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។ ព្រឹត្តិការណ៍ថ្មីៗដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមមហាម៉ាស់នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់ ហើយសភាពការណ៍នាពេលនេះកាន់តែមានភាពតានតឹងថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមសម្ដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៊ីស្រាអែលនេះ ជាពិសេសសុវត្ថិភាពប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សាទីនោះប្រមាណ៤៥០នាក់។
រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់ និងសិក្សានៅ ក្នុងប្រទេសអ៊ីស្រាអែល សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគជាមួយក្រុមគ្រួសាររបស់ លោក ចាន់ ឧត្តម ដែលជានិស្សិតកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និងដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ខាងលើ។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏គួរឱ្យសោកស្ដាយជា ទីបំផុត៕
