ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលនៅអ៊ីស្រាអែល គឺមានសុវត្ថិភាពទាំងអស់គ្នា

ភ្នំពេញ៖ មកដល់ពេលនេះ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល គឺមានសុវត្ថិភាពទាំងអស់គ្នា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំផ្ទាល់ និងធ្វើការងារជាប្រចាំជាមួយក្រសួងការបរទេស ក៏ដូចជា ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដោយឱ្យធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងម៉េចធានាឱ្យប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាមានសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ប្រជាពលរដ្ឋ និងនិស្សិត ដែលទៅរៀននៅកសិដ្ឋាន និងនៅតាមក្រុមហ៊ុននានានៅអ៊ីស្រាអែល អាជ្ញាធរកម្ពុជាបានស្នើសុំសហការជាមួយអាជ្ញាធរអ៊ីស្រាអែលជួយជម្លៀសពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព បើសិនជាកន្លែងដែលប្រជាពលរដ្ឋនិស្សិតកម្ពុជាធ្វើការជួបបញ្ហា។ ទន្ទឹមនឹងការគិតគូរពីសុវត្ថិភាពជាចម្បងនេះ អាជ្ញាធរកម្ពុជាក៏ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់ចំណីអាហារគ្រប់បែបយ៉ាងដើម្បីពួកគាត់អាចធានាជីវភាពប្រចាំថ្ងៃ។

គួររម្លឹកឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។

ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ៕
ដោយ៖ពលជ័យ

ads banner